ចាន់ សម្បត្តិ៖ ចងចាំតែការអត់ឃ្លាន

ចាន់ សម្បត្តិ អាយុ៥៥ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សម្បត្តិ នៅជាក្មេងតូចនៅឡើយ និងបានស្នាក់នៅជាមួយម្ដាយ ហើយការចង់ចាំរបស់គាត់ ភាគច្រើនគឺការខ្វះខាតអាហារហូបចុក និងមានជំងឺប្រចាំកាយ។
បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ គ្រួសាររបស់សម្បត្តិបានជម្លៀសទៅរស់នៅម្លិចស្វាយ ក្បែរពោធិ៍វន្ត។ ក្នុងអំឡុងពេលជម្លៀស គ្រួសាររបស់សម្បត្តិ មិនមានស្បៀងអាហារជាប់ខ្លួនទាល់តែសោះ ហេតុនេះហើយទើបម្ដាយរបស់គាត់ត្រូវដើរសុំស្រូវតាមផ្ទះរបស់ប្រជាជនពីតំបន់ដែលខ្លួនរស់នៅរហូតមកដល់តំបន់ទ្រលាប់។ បន្ទាប់មក នៅពេលមានស្រូវបន្តិចបន្តួច ម្ដាយរបស់សម្បត្តិ បានរៀបចំបុកស្រូវនោះឲ្យទៅជាអង្ករ រួចយកទៅដាំបបរលាយជាមួយគល់ចេក ឬត្រពាំង សម្រាប់ចែកឲ្យកូនៗហូប។
នៅក្នុងសហករណ៍ថ្មី ឪពុករបស់សម្បត្តិ បានរៀបចំដាំដំឡូងជ្វានៅជុំវិញខ្ទម ហើយនៅពេលដែលដំឡូងមានមើមប៉ិនៗមេដៃ គ្រួសាររបស់គាត់បាននាំគ្នាគាស់យកទៅចិតជាចំណិតតូចៗ រួចដាក់ដាំជាមួយបាយ និងហូបជាមួយសម្លសាបៗ។ សម្បត្តិ បានបន្តថា គ្រួសាររបស់គាត់មិនមានអំបិលហូបទាល់តែសោះ ហេតុនេះហើយបានជាម្ដាយ និងបងប្អូនរបស់គាត់ម្នាក់ចាប់ផ្ដើមមានជំងឺហើម ហើយសម្បត្តិ មានចេញពងបែកនៅលើដៃ។ ជាអកុសលបំផុត បងប្រុសរបស់សម្បត្តិម្នាក់ បានស្លាប់ដោយសារជំងឺនេះ។
ថ្ងៃមួយ គ្រួសារសម្បត្តិ បានទទួលអំបិលបន្តិចបន្តួច ពីលោកតាម្នាក់ ដែលជាជនជាតិចិននៅស្វាយព្រៃ។ នៅពេលបានអំបិលភ្លាម ឪពុករបស់សម្បត្តិបានយកអំបិលនោះទៅចែកឲ្យកូនម្នាក់បន្តិចភ្លាមៗសម្រាប់ហូបជាមួយអាហារ។ ប៉ុន្តែនៅពេលដែលចែកអំបិល សម្បត្តិ មានការសោកស្ដាយ ដែលបងប្រុសរបស់គាត់ម្នាក់ទៀត បានចេញទៅធ្វើជាយោធាបាត់តាមការចាត់តាំងរបស់អង្គការ។ សម្បត្តិ បានបន្តថា ចាប់តាំងពីបងប្រុសចេញទៅ គាត់មិនបានត្រលប់មកលេងគ្រួសារទាល់តែសោះ រហូតដល់របបខ្មែរក្រហមដួលរលំ ទើបគាត់បានទទួលដំណឹងថាបងនៅរស់រានមានជីវិត។
នៅក្នុងរបបខ្មែរក្រហម សម្បត្តិ បានបាត់បង់អ៊ំម្នាក់ឈ្មោះ ថុល ដែលធ្វើជាមេភូមិកាលពីសង្គមចាស់ និងធ្វើការងារនៅក្នុងកងភ្ជួរ។ អ៊ំរបស់សម្បត្តិ ត្រូវបានអង្គការហៅឲ្យទៅដាំដូង ប៉ុន្តែការពិតយកឲ្យទៅជីករណ្ដៅ រួចសម្លាប់តែម្ដងនៅក្នុងវត្តថ្មី។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប្រជាជននៅក្នុងភូមិ នៅតែបន្តធ្វើស្រែរួមគ្នា ប៉ុន្តែនៅពេលប្រមូលផលគឺត្រូវបែងចែកតាមកម្លាំងពលកម្មប្រជាជន និងហូបអាហារតាមផ្ទះរៀងខ្លួង។ ក្រោយមក ប្រជាជនចាប់ផ្ដើមធ្វើស្រែរៀងខ្លួនលើផ្ទៃដីដែលទទួលបាន ហើយការហូបចុកបានគ្រប់គ្រាន់ឡើងវិញ។ នៅពេលផ្ដល់បទសម្ភាសន៍ សម្បត្តិ មានជំងឺស្ពឹកដៃ-ជើង និងឧស្សាហ៍ឈឺក្បាលណាស់។ នៅពេលដែលមានជំងឺ សម្បត្តិ មិនសូវបានពិនិត្យសុខភាពប៉ុន្មានទេ ហើយគាត់មិនបានប្រើប្រាស់ថ្នាំពេទ្យច្រើនប្រភេទដែរ គឺគ្រាន់តែទិញថ្នាំបាណាដុលមកលេប ឬរកដើមរុក្ខជាតិទៅដាំហូប។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

