កូន និងបងប្រុសស្លាប់ក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) គង់ សាវឿន អាយុ ៧៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវឿន មានឪពុកឈ្មោះ ម៉ៅ ភុន (ស្លាប់) និងម្តាយឈ្មោះ ពេជ ម៉ៅ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ៧នាក់ គឺបងទី១ ឈ្មោះ គង់ សាម៉ុន (ស្លាប់), បងទី២ ឈ្មោះ គង់ អធន់, បងទី៣ ឈ្មោះ គង់ ថាន, បងទី៤ ឈ្មោះ គង់ ធឿន, បងទី៥ ឈ្មោះ គង់ សារិត, ទី៦ គង់ សាវឿន (ម្ចាស់ប្រវត្តិរូប) និងប្អូនទី៧ ឈ្មោះ គង់ សាខន (ស្លាប់)។ កាលពីកុមារភាព សាវឿន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម ក្នុងរបបសង្គមរាស្ត្រនិយម។
នៅក្នុងរបប លន់ នល់ សាវឿន បានបាត់បង់ប្អូនប្រុសម្នាក់ឈ្មោះ គង់ សាខន ដោយសារសង្គ្រាមរវាងទាហាន លន់ នល់ ជាមួយនឹងកងកម្លាំងតំបន់រំដោះ។ រឿងរ៉ាវដែល សាវឿន ចងចាំ និងមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលគាត់បានឃើញផ្ទាល់ភ្នែកនូវឈ្លបនាំបងប្រុសឈ្មោះ គង់ សាម៉ុន ទៅសម្លាប់។ ឈ្លបថែមទាំងបានគំរាមមិនឱ្យគ្រួសារយំសោក ឬសម្តែងការសោកស្តាយចំពោះសាច់ញាតិដែលត្រូវបាននាំទៅសម្លាប់ឡើយ។ ទោះបីជាឃើញឈ្លបនាំបងប្រុសទៅសម្លាប់ក៏ដោយ សាវឿន មិនហ៊ានឈប់សម្រាកពីការងារឡើយ ព្រោះខ្លាចអង្គការនាំគាត់ទៅសម្លាប់ដូចគ្នា។
ក្រៅពីការបាត់បង់បងប្រុស កូនម្នាក់របស់ សាវឿន ក៏បានស្លាប់ផងដែរ ដោយសារជំងឺ និងការព្យាបាលមិនបានត្រឹមត្រូវ។ ការងាររបស់ សាវឿន គឺជីកដីធ្វើប្រឡាយទឹក និងលើកដីធ្វើទំនប់ នៅតំបន់វត្តឈើទាល តំបន់បឹងត្បាល និងតំបន់ព្រៃរកា។ ចំពោះរបបអាហារវិញ សាវឿន ទទួលបានមិនគ្រប់គ្រាន់ដូចប្រជាជនដទៃទៀតដែរ គឺមានតែបបរ ២ពេល ក្នុងមួយថ្ងៃប៉ុណ្ណោះ។
ក្រោយពីរបបខ្មែរក្រហមដួលរលំ សាវឿន និងគ្រួសារបានត្រឡប់មករស់នៅស្រុកកំណើតវិញ និងបន្តប្រកបរបរជាកសិករ។ បច្ចុប្បន្ន សាវឿន រស់នៅក្រោមការផ្គត់ផ្គង់របស់កូនៗ និងមើលថែចៅៗ ហើយមានជំងឺប្រចាំកាយ គឺជំងឺលើសសម្ពាធឈាម រោគស្ត្រី និងជំងឺលើសជាតិអាស៊ីត៕
សម្ភាសន៍ដោយ ហ៊ន់ ពិសី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

