កងជីកជីកប្រឡាយ និងលើកភ្លឺស្រែនៅតំបន់ស្វាយចេក

(ខេត្តស្វាយរៀង) នាង សាបន មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាបន មានឪពុកឈ្មោះ នាង បូ ម្តាយឈ្មោះ ឡាយ សួ ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ ក្នុងនោះស្រី ២នាក់។
កាលពីកុមារភាព សាបន រៀនសូត្របានថ្នាក់ទី៧ ក្នុងរបបសង្គមរាស្ត្រនិយម។ សាបន បានរៀបរាប់ថា ក្រោយពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតំណែង បាននាំឱ្យប្រទេសជាតិកើតមានបាតុកម្ម និងសង្គ្រាម។ សាបន រស់នៅជាមួយឪពុកម្តាយ ប៉ុន្តែការងារស្រែចម្ការ និងការរកស៊ីពុំអាចធ្វើឡើងបានដូចកាលពីរបបសង្គមរាស្ត្រនិយមទេ ដោយសារមានយន្តហោះទម្លាក់គ្រាប់បែកនៅក្នុងភូមិ និងតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម។ គ្រួសាររបស់ សាបន ត្រូវដាំបាយហូប និងរត់ពួនជាញឹកញាប់នៅក្នុងរណ្តៅត្រង់សេ ដែលឪពុករបស់គាត់បានជីកបម្រុងទុកសម្រាប់សុវត្ថិភាព។ សាបន រំឭកថា ជាសំណាងល្អ គ្រួសាររបស់គាត់អាចរស់នៅឆ្លងផុតពីសម័យសង្គ្រាម និងរបបខ្មែរក្រហមបាន។
នៅឆ្នាំ១៩៧៥ របប លន់ នល់ បានដួលរលំ ហើយរបបកម្ពុជាប្រជាធិបតេយ្យបានឡើងកាន់អំណាច។ ក្រុមខ្មែរក្រហមបានចាប់ផ្តើមគ្រប់គ្រងប្រទេស ហើយប្រធានភូមិ និងកងឈ្លបបានបង្ខំឱ្យប្រជាជនរស់នៅ និងធ្វើការងាររួម ដូចជា ដាំបន្លែ ឃ្វាលគោ ក្របី និងធ្វើស្រែចម្ការនៅតាមការដ្ឋាន ព្រមទាំងប្រមូលទ្រព្យសម្បត្តិ លុយកាក់ សត្វពាហនៈ និងរបស់របរប្រើប្រាស់ផ្សេងៗ ដាក់រួមនៅក្នុងសហករណ៍។ បន្ទាប់មក ប្រធានភូមិបានប្រមូលប្រជាជនដែលរស់នៅក្នុងសហករណ៍ឱ្យធ្វើការងាររួមគ្នា។
ចំពោះ សាបន វិញ ត្រូវបានប្រធានកងចាត់តាំងឱ្យទៅភ្ជួរដីស្រែជាក្រុមៗ នៅតាមតំបន់ដែលខ្មែរក្រហមកំណត់។ ការភ្ជួរស្រែក្នុងមួយថ្ងៃ ប្រធានកងមិនបានកំណត់បរិមាណជាក់លាក់ទេ គឺត្រូវធ្វើការចាប់ពីម៉ោង ២ទៀបភ្លឺ រហូតដល់ម៉ោង ៥ល្ងាច ទើបអនុញ្ញាតឱ្យសម្រាក។ ប្រធានកងតែងរៀបចំការប្រជុំស្វ័យទិតៀន ដោយជំរុញឱ្យកងចល័តទាំងអស់ខិតខំធ្វើការងារដើម្បីអង្គការ និងធ្វើស្រែឱ្យទទួលបានទិន្នផលខ្ពស់ចន្លោះពី ៥ ទៅ ៧តោន ក្នុង ១ហិកតា។ សាបន បានប្រាប់ថា សម័យនោះ ខ្មែរក្រហមបង្ខំឱ្យធ្វើការងារយ៉ាងហត់នឿយ សូម្បីតែការស្ទូងស្រូវក៏ធ្វើនៅពេលយប់ដែរ។ ក្រៅពីការងារទាំងនេះ ប្រធានកងបានឱ្យ សាបន ទៅលើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយនៅតំបន់ស្វាយចេកថែមទៀត។ សាបន ត្រូវធ្វើការងារពីព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ ទើបសម្រាកហូបបាយបន្តិច រួចបន្តធ្វើការរហូតដល់ល្ងាច ហើយនៅពេលយប់ត្រូវចូលរួមប្រជុំស្វ័យទិតៀនទៀតផង។
ចំពោះរបបអាហារវិញ ក្នុង១ថ្ងៃ ប្រធានរោងបាយបានឱ្យ សាបន ហូបអាហារ ២ពេល គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុង ១ពេល គាត់ និងប្រជាជនទទួលបានអាហារស្មើៗគ្នា គឺបបរ ១កូនចាន ហូបជាមួយសម្លបន្លែ ដូចជា ត្រកួន ដើមចេក ផ្ទី និងបន្លែផ្សេងៗទៀត។ នៅពេលយប់ សាបន ត្រូវសម្រាកជុំគ្នាជាមួយសមាជិកកងចល័តបុរសផ្សេងៗទៀត ហើយមានកងឈ្លបចាំស៊ើបការណ៍ ខ្លាចមានអ្នកនិយាយប្រឆាំងអង្គការ។
សាបន បានបញ្ជាក់ទៀតថា ចំពោះការឈឺស្កាត់នៅសម័យនោះ មិនមានពេទ្យព្យាបាលត្រឹមត្រូវនោះទេ ដោយពេទ្យព្យាបាលតែថ្នាំបុរាណ ដែលផ្សំពីឫសឈើប៉ុណ្ណោះ ទោះបីជាជំងឺអ្វីក៏ដោយ។
នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀស សាបន ពីស្រុកកំណើតឱ្យទៅរស់នៅតំបន់ទួលល្ហុង (ជិតអ្នកលឿង)។ ទៅដល់ទីនោះ ស្រាប់តែគាត់ទទួលដំណឹងថា កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម បានរំដោះប្រទេសជាតិពីរបបខ្មែរក្រហមដោយជោគជ័យ។ សាបន និងប្រជាជនបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ និងចាប់ផ្តើមបង្កបង្កើនផលស្រូវ រហូតមកដល់សព្វថ្ងៃនេះ។
បច្ចុប្បន្ន សាបន រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ខេត្តស្វាយរៀង ហើយមានជំងឺប្រចាំកាយ គឺឧស្សាហ៍ខ្សោយកម្លាំង និងល្ហិតល្ហៃដៃជើង៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

