សាលាធាងដូង

ញឹក សោភ័ន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ញឹក សោភ័ន អាយុ៥១ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុង​របបខ្មែរក្រហមគាត់​ស្ថិតនៅក្នុង​វ័យកុមារ​ បានព្រាត់ប្រាសឪពុកនៅពេលដែលខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ បន្ទាប់មក សោភ័ន និងម្តាយព្រមទាំងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅស្រុកភូមិថ្មី នៃខេត្តព្រះវិហារ។ គាត់បានបន្តរស់នៅខេត្តព្រះវិហាររហូតមកដល់ពេលសព្វថ្ងៃនេះ។

សោភ័ន បានលើកឡើងថាគាត់ និងក្មេងឯទៀតបានសិក្សាខ្លះដែរតាមសាលារៀន ដែលធ្វើពីធាងដូង ឬសាលាធាងដូង បើតាមការហៅតៗគ្នានាសម័យនោះ។ ពេលគ្រាប់បែកប្លោងម្តងៗ ក្មេងៗទាំងអស់ បាននាំគ្នារត់យ៉ាងភ័យខ្លាច និងតក់ស្លុត ដើម្បីស្វែងរកទីជម្រាក ឬពាក្យបារាំងហៅថា «ត្រង់សេ»។ គាត់បន្តថា គាត់ត្រូវរស់នៅជាមួយជីដូន នៅពេលដែលម្តាយរបស់គាត់ទៅលើកទំនប់ ជីកប្រឡាយ និងធ្វើស្រែ ទាំងឈឺ និងបរិភោគតែបបរសប៉ុណ្ណោះ។ ការស្រង់ទិន្នន័យរបស់អ្នកស្ម័គ្រចិត្តកម្ពុជាតាមរយៈគម្រោងលើកកម្ពស់សិទ្ធិនិងថែទាំសុខភាពចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរកឃើញថា សព្វថ្ងៃគាត់មានជំងឺរលាកក្រពះពោះវៀន៕

សម្ភាសន៍ដោយ សុង ថានី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin