ផេង សំអុល៖ មិត្តអុល

(កណ្ដាល)៖ ផេង សំអុល ភេទស្រី មានអាយុ ៦៧ឆ្នាំ(ឆ្នាំមមែ)។ សំអុល រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សំអុល មានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សំអុល មានបងប្អូនចំនួន៦នាក់។
កាលពីកុមារភាព សំអុល បានរៀនសូត្ររយៈពេល៣ឆ្នាំនៅសាលាវត្តកោះ។ នៅឆ្នាំ១៩៧០ សំអុល បានឃើញកងទ័ពវៀតកុងដែលមានគ្របស្លឹកឈើពីលើ លបចូលមកជីកលេណដ្ឋាននៅខាងក្រោយផ្ទះរបស់សំអុល។ មិនយូរប៉ុន្មាន មានការបាញ់ផ្លោង និងប្រយុទ្ធរវាងកងទ័ពវៀតកុង និងទាហាន លន់ នល់ នៅវត្តអង្គ ដែលបណ្ដាលឲ្យមានប្រជាជនស្លាប់ក្នុងភូមិ។ ដូច្នេះ សំអុល បានភៀសខ្លួនទៅរស់នៅជិតវត្តកែវឧត្តម ដោយគាត់ប្រកបរបរឡើងត្នោត។
នៅឆ្នាំ១៩៧២ សំអុល បានផ្លាស់ទៅរស់នៅភូមិបែកចាន និងក្រោយមកទៀត គាត់ទៅរស់នៅតំបន់ទឹកថ្លា នៅជិតវិហារចិន។ នៅទីនោះ សំអុល បានចូលរៀននៅសាលាវិហារចិន។ បន្ទាប់ពីមានការបាញ់ផ្លោងនៅម្តុំទឹកថ្លា សំអុល បានឈប់រៀន និងប្រកបរបរលក់ត្រី។ សំអុល ត្រូវជិះកង់បីទៅទិញត្រីនៅព្រែកលៀប ដើម្បីដឹកយកទៅលក់នៅផ្សារដេប៉ូ។ នៅឆ្នាំ១៩៧៣ សំអុល បានរៀបការ។ ក្រោយមកប្តីរបស់គាត់ចូលធ្វើជាទាហាន លន់ នល់ នៅពោធិ៍ចិនតុង។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមរំដោះបានទីក្រុងភ្នំពេញ គ្រួសាររបស់សំអុល ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទឹកថ្លា។ គ្រួសាររបស់គាត់ធ្វើដំណើរឆ្លងកាត់ស្ទឹងមានជ័យ និងទៅរស់នៅជិតវត្តអង្គតាប្រូច ស្រុកបាទី។ នៅពេលទៅដល់ស្រុកបាទី សំអុល បានប្រមូលស្រូវឆេះខ្លោច ដែលអ្នកភូមិទុកចោលយកមកចម្អិនហូប។ ក្រោយមក ក្នុងមួយថ្ងៃ ខ្មែរក្រហមចែកអង្ករឲ្យគាត់តែពីរខាំប៉ុណ្ណោះ។
បន្ទាប់ពីរស់នៅទីនោះអស់រយៈពេលជាង៣ខែ ខ្មែរក្រហមក៏បានជម្លៀសគ្រួសាររបស់សំអុលទៅរស់នៅភូមិត្រពាំងរការ។ នៅទីនោះ ប្រជាជនទាំងអស់ត្រូវធ្វើការរួម និងហូបរួម ដោយក្នុងម្នាក់ទទួលបានតែបបរលាយជាមួយស្លឹកផ្ទីមួយកូនចានប៉ុណ្ណោះ។ សំអុល ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ នៅពេល សំអុល ធ្លាក់ខ្លួនឈឺគ្រុនញាក់ និងហើមមុខ គាត់ទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។ បន្ទាប់ពីបានធូរស្បើយពីជំងឺ សំអុល ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើការក្នុងកងស្រួចនៅជិតភ្នំជាល។
នៅឆ្នាំ១៩៧៧ នៅពេលមានផ្ទៃពោះ សំអុល ទទួលបានបបរលាយជាមួយត្រកួន, ទឹកស្ករ និងអំបិលពីរគ្រាប់សម្រាប់ហូបក្នុងមួយពេល។ សំអុល ត្រូវនៅដាច់ដោយឡែកពីប្តីរបស់គាត់ ដែលត្រូវទៅធ្វើការនៅក្នុងកងស្រួច។
បន្ទាប់ពីសម្រាលកូនរួច សំអុល ត្រូវទៅដកស្ទូងតាំងពីព្រឹករហូតដល់ម៉ោង៦យប់ ទើបគាត់បានសម្រាក។ នៅពេលសម្រាក សំអុល និងមិត្តម្នាក់ឈ្មោះ មុត បានលួចទៅបាចទឹកដើម្បីរកត្រី។ អ្នកទាំងពីរត្រូវបានខ្មែរក្រហមហៅទៅកសាងនៅមន្ទីរនិងស្តីឲ្យថា “មិត្តអុលឯង ខ្មាំង!”។ នៅពេលនោះ សំអុល បានយំ និងភ័យខ្លាចជាខ្លាំង ដោយសារគាត់ខ្លាចខ្មែរក្រហមយកគាត់ទាំងពីរទៅសម្លាប់។ សំអុល និយាយថា “សម្លាប់ដល់ហើយអាពត”។
ក្រៅពីរឿងរ៉ាវខាងលើ សំអុល ចងចាំបានទៀតថា ខ្មែរក្រហមបានគំរាមប្រជាជនឲ្យយកសម្ភារមានតម្លៃប្រគល់ឲ្យខ្មែរក្រហម បើមិនប្រគល់ ខ្មែរក្រហមនឹងយកដែកឆក់ទៅរកនៅតាមផ្ទះ។ បន្ទាប់ពីឮបែបនេះ សំអុល បានយកមាសដែលគាត់កប់ដីនៅក្រោមគ្រែ មកប្រគល់ឲ្យខ្មែរក្រហមទាំងអស់។ សំអុល ថា នៅពេលសម្រាន្ត មានឈ្លបឈ្មោះ សន់ លួចចាំស្ដាប់គាត់និយាយ។
នៅចុងឆ្នាំ១៩៧៨ នៅម៉ោងប្រហែល៧យប់ សំអុល ដែលកំពុងបោកកណ្ដាប់ស្រូវ គាត់បានទទួលដំណឹងថា មានរថក្រោះកងទ័ពវៀតណាមជិតចូលមកដល់ភូមិដែលគាត់រស់នៅ។ ភ្លាមៗនោះ សំអុល បានរត់ទៅផ្ទះស្វែងរកសមាជិកក្រុមគ្រួសាររបស់គាត់ និងត្រលប់មកធ្វើស្រែចម្ការនៅភូមិកំណើតវិញ។ នៅពេលរំឭកពីរបបខ្មែរក្រហម សំអុល និយាយថា “នៅតែនឹកឃើញ នឹកឃើញលំបាកអត់អីស៊ី”៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦

