ត្រឡោកដូងជាចាន សំបកគ្រំជាស្លាបព្រា

(ព្រះវិហារ)៖ ឈួន យ៉េន មានអាយុ៦៩ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានបង្ហាញពីការផ្លាស់ប្តូររបត់នយោបាយ និងភាពលំបាកវេទនាដែលគាត់ធ្លាប់បានឆ្លលកាត់ក្នុងរបបខ្មែរក្រហម។

មុនពេលខ្មែរក្រហមចូលមកគ្រប់គ្រង យ៉េន រស់នៅជាមួយប្ដីឈ្មោះ រីម នោ និងកូនប្រុសឈ្មោះ រីម យុគ យ៉ាងមានក្តីសុខដោយប្រកបរបរធ្វើស្រែចំការ។ នៅក្នុងឆ្នាំ១៩៧០ ពេលទទួលដំណឹងថាមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ គ្រួសាររបស់យ៉េន ព្រមទាំងពលរដ្ឋដទៃបាននាំគ្នារត់ទៅពួនតាមប្រឡាយ តាមអូរ នៅក្នុងព្រៃដើម្បីគេចគ្រាប់បែក និងគ្រាប់ប្លោង។ គ្រាប់ដែលធ្លាក់នោះមិនធ្លាក់ចំតំបន់ដែលគាត់រស់នៅទេ ដោយភាគច្រើនធ្លាក់នៅក្នុងផ្សារខេត្តព្រះវិហារ។

ក្រោយមកមិនយូរប៉ុន្មានភូមិស្រុកដែល យ៉េន រស់នៅត្រូវបានខ្មែរក្រហមកាន់កាប់។ ខ្មែរក្រហម បានឱ្យប្រជាជនទាំងអស់ចាប់ផ្តើមប្រមូលរបស់របរស្រូវអង្ករ សម្ភារប្រើប្រាស់ និងទ្រព្យសម្បត្តិមានតម្លៃ ដែលរកបានពីមុនយកទៅដាក់ចូលក្នុងទ្រព្យសមូហភាព ហើយប្រជាជនត្រូវហូបបាយរួមគ្នា និងធ្វើការរួមគ្នា។ ពេលនោះប្ដីរបស់យ៉េន បានលួចកាត់ខ្សែកមាសលាក់ទុកចំនួនមួយជីមិនឱ្យខ្មែរក្រហមដឹងទេ។ ខ្មែរក្រហមបានសង់ផ្ទះតូចៗសម្រាប់មួយគ្រួសាររស់នៅ ចំណែកយុវជន-យុវនារី អង្គការឱ្យស្នាក់នៅក្នុងសហករណ៍រួម។ ចំពោះម៉ោងធ្វើការវិញចុះតាំងពីព្រឹកព្រលឹម រហូតដល់ថ្ងៃត្រង់ម៉ោង១១ ឬម៉ោង១២ ទើបអាចឡើងហូបបបរ ហើយម៉ោងមួយរសៀលត្រូវចេញទៅធ្វើការវិញ រហូតដល់ម៉ោង៥ល្ងាច។

យ៉េន បាននិយាយថា នៅពេលដល់ម៉ោងហូបអាហារ ប្រធានក្រុមនឹងវាយជួងជាសញ្ញា ហើយប្រជាជនត្រូវរូតរះកាន់ចាន និងស្លាប់ព្រាទៅរោងបាយ។ គាត់បានបន្តថានៅពេលនោះគាត់យកត្រឡោកដូងធ្វើជាចានបាយ និងសំបកគ្រំធ្វើជាស្លាបព្រា។ ទៅដល់រោងបាយអ្នកចែករបបបានដួសបបរសធម្មតាឱ្យម្នាក់មួយចានប៉ុណ្ណោះ បូករួមជាមួយសម្លមួយចានសម្រាប់ហូបគ្នាចំនួន៤ ទៅ៥នាក់។

ក្នុងអំឡុងពេលនោះ កូនរបស់យ៉េន មានអាយុ៧ឆ្នាំមានជំងឺហើមដៃជើង។ ខ្មែរក្រហមបានឱ្យទៅសម្រាកនៅមន្ទីរពេទ្យចំនួន៥ខែដោយមានម្តាយរបស់ យ៉េន ជាអ្នកមើលថែ។ យ៉េន បានទៅមើលថែកូនខ្លះនៅពេលយប់ ហើយពេលថ្ងៃគាត់ត្រូវទៅធ្វើការនៅក្នុងអង្គភាពរបស់គាត់វិញ។ ប្តីរបស់យ៉េន ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យដើរវាស់ដីដើម្បីជីកប្រឡាយ។ យ៉េន ត្រូវបានគេប្រើឱ្យស្ទូងស្រូវ ធ្វើស្រែ ជីកប្រឡាយ និងដាំបាយ។

ក្រោយមកខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ យ៉េន ឱ្យទៅរស់នៅភូមិ៧០ថ្មីដើម្បីធ្វើការងារតាមការចាត់តាំងដូចជាស្ទូងស្រូវ និងខាងសេដ្ឋកិច្ចដាំបាយ។ បន្ទាប់មកទៀតបានទៅរស់នៅអូរកក់ ហើយខ្មែរក្រហមសង់ផ្ទះតូចៗឱ្យរស់នៅជាមួយគ្រួសារ។ ពេលនោះ យ៉េន មានផ្ទៃពោះកូនទី២រយៈពេល៨ខែ ប៉ុន្តែខ្មែរក្រហមបានប្រើឱ្យទៅស្ទូងស្រូវ ដាំស្ពៃ ដាំត្រកួន និងជីកប្រឡាយនៅត្រពាំងផុង។ នៅពេលនោះ តូច សឿន បានប្រាប់ពីដំណឹងកូនទីមួយរបស់គាត់ឈឺ, យ៉េន បានធ្វើដំណើរទាំងយប់ទៅជួបកូន។

ក្រោយមកទៀតគ្រួសាររបស់ យ៉េន បានទៅរស់នៅតំបន់ផែនការ។ ពេលនោះខ្មែរក្រហមឱ្យគាត់ហូបតែបបរលាយជាមួយត្រកួន។ ពេលឃ្លានខ្លាំង យ៉េន បានលួចជីកដំឡូង និងបានដុតដំឡូងរួចរុំនឹងកន្ទេលយកមកឱ្យកូននៅផ្ទះ។ គាត់តែងតែលួចជីកនៅពេលយប់មានភ្លៀងធ្លាក់ដើម្បីកុំឱ្យឈ្លបដឹង ព្រោះពេលភ្លៀងដីវាហូរលុបស្នាម។

ក្រោយមកនៅឆ្នាំ១៩៧៩ពេលរំដោះ គ្រួសាររបស់យ៉េន បានមករស់នៅភូមិពោធិ៍វិញ។ ពេលនោះគាត់បានធ្វើស្រែប្រវាស់ដៃជាមួយប្រជាជនដទៃទៀតរហូតដល់ពេលចែកដីស្រែចំការឱ្យធ្វើរៀងៗខ្លួនរហូតដល់សព្វថ្ងៃនេះ។ សព្វថ្ងៃនេះ យ៉េន មានជំងឺក្រពះពោះវៀន និងឈឺតាមសន្លាក់ដៃជើង៕

សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin