នៅទីនេះគ្មានរបបឱ្យហូបទេ របបមានតែនៅតាមការដ្ឋានប៉ុណ្ណោះ

(ព្រះវិហារ)៖ ហម ហ៊ិន អាយុ៧៣ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ហ៊ិន មានប្ដីឈ្មោះ ផន (ស្លាប់) និងមានកូនចំនួន៥នាក់ នៅក្នុងបន្ទុកគ្រួសារ។ គាត់ និងប្ដី ប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។
នៅឆ្នាំ១៩៧០ មានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង គ្រួសាររបស់ហ៊ិន បាននាំគ្នារត់ទៅនៅតាមព្រៃ តាមស្រែ និងពួនតាមអូរដើម្បីគេចគ្រាប់បែក។ ក្រោយមក ភូមិស្រុកដែល ហ៊ិន រស់នៅ ត្រូវបានយោធាខ្មែរក្រហមចូលគ្រប់គ្រង។ នៅពេលដែលខ្មែរក្រហមចូលគ្រប់គ្រងដំបូង គឺតម្រូវឱ្យប្រជាជនប្រមូលស្រូវអង្ករ និងទ្រព្យសម្បត្តិដាក់រួម ប៉ុន្តែពេលនោះអនុញ្ញាតឱ្យប្រជាជនសម្រាកនៅតាមផ្ទះរៀងៗខ្លួន។ ប្ដីរបស់ហ៊ិន បានចូលធ្វើជាកងឆ្មក់របស់ខ្មែរក្រហម ហើយត្រូវបានទាហាន លន់ នល់ បាញ់សម្លាប់ចោលនៅតំបន់គោកត្រយោល។ បន្ទាប់ពីប្ដីស្លាប់មិនយូរប៉ុន្មាន ហ៊ិន បានរៀបការជាមួយប្ដីក្រោយឈ្មោះ ប៉ៅ ដែលមានការរៀបចំសែនព្រេនបន្តិចបន្តួច ដែលមានមេភូមិជាអ្នកផ្សំផ្គុំ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានគ្រប់គ្រងអំណាចទូទាំងប្រទេស, ដំបូងអង្គការបានចែករបបអង្ករចំនួន២កំប៉ុងក្នុងមួយថ្ងៃសម្រាប់សមាជិកមួយគ្រួសារ។ ក្រោយមករយៈពេលប្រហែល៣ខែ ខ្មែរក្រហមចាប់ផ្ដើមឱ្យប្រជាជនហូបអាហាររួមគ្នា។ ហ៊ិន បាននិយាយថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានចាត់តាំងឱ្យធ្វើស្រែចម្ការ ចំណែកប្ដីរបស់គាត់ ត្រូវចាត់តាំងឱ្យទៅឃ្វាលគោក្របី ១០ថ្ងៃ ទៅ២០ថ្ងៃ ឬពេលខ្លះដល់ទៅមួយខែទើបបានជួបគ្នាម្តង។ រីឯកូនៗធ្វើការនៅក្នុងកងកុមារ និងស្នាក់នៅតាមការដ្ឋានរៀងៗខ្លួន, ដោយក្តីនឹករលឹក កូនៗរបស់គាត់បានលួចរត់មកជួបគាត់ទាំងយប់។ ប្រធានក្រុមរបស់ហ៊ិន បានឃើញទិដ្ឋភាពនេះ ហើយខឹងសម្បាររួចបានដេញកូនរបស់គាត់ឱ្យវិលត្រឡប់ទៅកងកុមារវិញ។ ប្រធានក្រុមនោះបាននិយាយថា «មកធ្វើអីនៅទីនេះគ្មានរបបឱ្យហូបទេ របបមានតែនៅតាមការដ្ឋានប៉ុណ្ណោះ ថ្ងៃក្រោយកុំមកទៀត»។
បន្ទាប់មកទៀត ហ៊ិន ត្រូវបានខ្មែរក្រហមជម្លៀសឱ្យទៅលើកទំនប់នៅអាងកំពីងពួយ ទំនប់ត្រសេក ទំនប់អូរក្រវិល និងបុកស្រូវ។ ខ្មែរក្រហមបង្ខំឱ្យគាត់ធ្វើការទោះបីជាពេលនោះគាត់ទើបតែសម្រាលកូនបានរយៈពេលមួយខែក្តី។ បន្ទាប់ពីលើកទំនប់រួចរាល់ ខ្មែរក្រហមបានចាត់តាំងឱ្យ ហ៊ិន ធ្វើស្រែម្ដង ហើយក្រោយមកទៀត ខ្មែរក្រហមបានបញ្ជូនគាត់ ឱ្យទៅធ្វើការនៅបឹងជួរ ដើម្បីដាំបន្លែ ដាំផ្លែឈើ និងក្រងស្បូវ។ ពេលនោះកូនរបស់គាត់មានអាយុ២ខួបចេះដើរហើយ ត្រូវទុកនៅកងចាស់ៗជាអ្នកមើលថែ។ ចំពោះអាហារនៅបឹងជួរ ខ្មែរក្រហមបានអនុញ្ញាតឱ្យប្រជាជនហូបបាយ។ ពេលមានជំងឺ ខ្មែរក្រហមមានគ្រូពេទ្យត្រៀមចាំព្យាបាល និងមានថ្នាំគ្រាប់ពណ៌ខ្មៅហៅថាថ្នាំអាចម៍ទន្សាយសម្រាប់លេប។
ហ៊ិន ធ្លាប់បានឮប្រជាជនដែលស្នាក់នៅសហករណ៍ជាមួយនិយាយប្រាប់ថា ខ្មែរក្រហមវាយបំផ្លាញរូបសំណាកព្រះពុទ្ធចោល និងមិនអនុញ្ញាតឱ្យគោរពប្រណិប័តន៍សាសនាឡើយ។ ជាងនេះទៅទៀត ខ្មែរក្រហមបានចាប់ប្រជាជនយកទៅសម្លាប់ចោល ដោយចោទថាជាខ្សែបណ្តាញអ្នកស៊ើបការឱ្យទាហានសេរីកា ហើយនៅតំបន់នោះមានការចាប់មនុស្សយកទៅសម្លាប់ចោលអស់ច្រើននាក់ណាស់។
នៅឆ្នាំ១៩៧៩ ក្រោយពេលរបបខ្មែរក្រហមដួលរលំ ហ៊ិន និងប្ដី ព្រមទាំងកូនៗបាននាំគ្នាវិលត្រឡប់ចូលមករស់នៅក្នុងស្រុកជាំក្សាន្តវិញ។ ពេលនោះ គ្រួសាររបស់គាត់បានប្រកបរបរធ្វើស្រែចម្ការ។ ភ្លាមៗនោះ អ្នកភូមិនៅធ្វើស្រែប្រវាស់ដៃនៅឡើយ ដោយសារប្រជាជនទើបតែបែកចេញពីរបបខ្មែរក្រហម ហើយមិនទាន់មានការបែងចែកស្រែសម្រាប់ធ្វើផ្ទាល់ខ្លួន។ បច្ចុប្បន្ននេះ ហម ហ៊ុន មានជំងឺលើសឈាម លើសជាតិស្ករ និងលើសខ្លាញ់ ដែលបណ្តាលឱ្យវិលមុខ និងខ្សោយកម្លាំងជាប្រចាំ៕
សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

