ខ្ញុំត្រូវបានចាត់តាំងឱ្យទៅសែងសាកសព និងយោធារងរបួស

(កណ្ដាល)៖ សោម ថា មានអាយុ៧០ឆ្នាំ រស់នៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បច្ចុប្បន្ន ថា មានជំងឺទឹកនោមផ្អែម និងលើសឈាម។ សោម ថា បានចែករំលែកសាច់រឿងដែលគាត់ធ្លាប់បានឆ្លងកាត់ពីរបបខ្មែរក្រហមទៅកាន់អ្នកស្ម័គ្រចិត្ត របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដូចខាងក្រោម៖
នៅក្នុងឆ្នាំ១៩៧២ ថា ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើត ទៅស្រុកកោះធំ ខេត្តកណ្តាល ដើម្បីធ្វើជាយុវជនខ្មែរក្រហម។ ខ្មែរក្រហមតម្រូវឱ្យ ថា យាមនៅពេលយប់ដើម្បីការពារខ្មាំងសត្រូវ ដែលជាទាហានរបស់រដ្ឋាភិបាល លន់ នល់។ នៅក្នុងអំឡុងពេលនោះ ថា ត្រូវទៅរកម្ហូបអាហារដោយខ្លួនឯងនៅក្នុងបឹង តាមរយៈការនេសាទត្រីទៅដូរយកអង្ករដើម្បីទុកដាំបាយហូប។ ថា ត្រូវប្រឡាក់ត្រីសាច់ជាច្រើន ដើម្បីបន្តដំណើរក្នុងការយកទៅដូរជាមួយអង្កររហូតដល់ស្រុកព្រៃកប្បាស ខេត្តតាកែវ ទើបទទួលបានអង្ករមកទទួលទាន។ ចំពោះការងារជាយុវជនរបស់ខ្មែរក្រហមនេះ ក្នុងមួយសប្តាហ៍ទើបទទួលបានបាយយោធាម្តង។
ថា បាននិយាយថា៖ «ខ្ញុំត្រូវបានចាត់តាំងឱ្យទៅសែងសាកសព និងយោធារងរបួសជាច្រើនរបស់ខ្មែរក្រហម ដែលបានប្រយុទ្ធជាមួយទាហាន លន់ នល់។ ទាហានខ្លះបានបាត់បង់ដៃម្ខាង ខ្លះបាត់បង់ជើងទាំងសងខាង ហើយខ្លះបាត់បង់ជីវិត»។ នៅក្នុងឆ្នាំ១៩៧៣ បងប្រុសទាំងពីរនាក់របស់ ថា ឈ្មោះ សោម ថុល និង សោម ធឿន ជាជាយោធាខ្មែរក្រហម បានទទួលមរណភាពពេលប្រយុទ្ធជាមួយទាហាន លន់ នល់។ បន្ទាប់ពីបញ្ចប់ការងារជាយុទ្ធជនខ្មែរក្រហម ថា បានវិលត្រឡប់មកភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលវិញ។
រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមគ្រប់គ្រងអំណាចបានទូទាំងប្រទេស។ ថា និងគ្រួសាររស់នៅក្នុងភូមិកណ្តាលលើដដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ការងារចម្បងគឺការដកស្ទូង ជីកប្រឡាយទឹក កាប់ព្រៃ និងលើកទំនប់ នៅក្នុងតំបន់រស់នៅ។ ការងារប្រចាំថ្ងៃចាប់ផ្តើមពីម៉ោង៦ព្រឹករហូតដល់ម៉ោង៩ព្រឹក មេកងរយអនុញ្ញាតឱ្យសម្រាក១០នាទី រួចបន្តការងារដល់ម៉ោង១១ថ្ងៃត្រង់ ទើបអាចសម្រាកដើម្បីបរិភោគអាហារថ្ងៃត្រង់ និងបន្តធ្វើការដល់ម៉ោង៥ល្ងាចទើបត្រឡប់ទៅកន្លែងស្នាក់នៅវិញ។ នៅក្នុងរបបនោះ ថា ជាប្រជាជនមូលដ្ឋាន ដូច្នេះគាត់ទទួលបានរបបអង្ករ២កំប៉ុងក្នុងមួយថ្ងៃ រហូតដល់ឆ្នាំ១៩៧៧ ទើបហូបបាយរួមជាមួយក្រុមសហករណ៍។ ការហូបចុកមិនដែលទៀងទាត់ឡើយ ថ្ងៃខ្លះហូបបបរ ថ្ងៃខ្លះហូបបាយ ប៉ុន្តែមានចំនួនតិចតួចបំផុត។ ថា មិនដែលមានជំងឺធំដុំអ្វីឡើយ មានតែមួយគត់គឺជំងឺអត់ឃ្លាន។ ដោយហេតុថាការងារច្រើនឥតឧបមា ចំនួន១២ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ តែអាហារហូបចុកមិនគ្រប់គ្រាន់ ធ្វើឱ្យមានជំងឺឃ្លានជម្រុញរាងឱ្យកាយចុះទ្រុឌទ្រោម។
ថា បានបញ្ជាក់ថា ប្រសិនបើរបបនោះបន្តត្រឹមតែ២ ទៅ៣ឆ្នាំទៀត គាត់រួមតាំងប្រជាជនដទៃទៀតនឹងបាត់បង់ជីវិតដោយសារការឃ្លានជាក់ជាមិនខាន។ ថា បានអះអាងថា ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គាត់តែងតែឃើញសាកសពរបស់ប្រជាជនខ្មែរស្លាប់ស្អុយរលួយជារឿយៗ នៅតាមវាលស្រែដែលខ្មែរក្រហមចាប់យកទៅសម្លាប់។ ឈ្លបខ្មែរក្រហមមិនបានកប់សាកសពឱ្យគ្រប់ជ្រុងជ្រោយ មានសត្វស្រុកទៅកាយធ្វើឱ្យសាកសពស្ថិតនៅកណ្តាលវាលស្អុយរលួយ។ ថា គិតខំតែធ្វើការងារ ទោះបីជាហត់នឿយយ៉ាងណាក៏មិនហ៊ានឈប់សម្រាក ព្រោះខ្លាចអង្គការយកទៅសម្លាប់។ រហូតមកដល់ឆ្នាំ ១៩៧៩ ក្រោមកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហម ថា ព្រមទាំងក្រុមគ្រួសារបានត្រឡប់មកកាន់លំនៅឋានវិញ ព្រមទាំងធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ៖ យុង បញ្ញា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

