រឿងរ៉ាវដែលខ្ញុំចងចាំមិនភ្លេចកាលពីរបបខ្មែរក្រហម

(ត្បូងឃ្មុំ) មិន សារ៉ែន មានអាយុ៦០ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវដែល សារ៉ែន ចងចាំមិនភ្លេចកាលពីរបបខ្មែរក្រហម គឺការហូបបាយរួម ហើយមិនមានបាយហូបឡើយ គឺមានតែបបរ។ សារ៉ែន បានរៀបរាប់ថា ឪពុករបស់គាត់ស្រលាញ់កូនណាស់ ហ៊ានសុំអង្ករអង្គការ ដើម្បីដាំបាយឱ្យកូនហូប ព្រោះខ្លាចកូនឃ្លាន។
នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងនៅក្នុងស្រុកភូមិ។ នៅក្នុងឆ្នាំនោះ សារ៉ែន មានអាយុ១៦ឆ្នាំ រស់នៅភូមិវាល។ សារ៉ែន ជាប្រជាជនមូលដ្ឋាន អង្គការបានចាត់តាំងឱ្យគាត់ធ្វើស្រែ។ គាត់បានបន្តថា ការងារទាំងអស់ត្រូវធ្វើតាមអង្គការដឹកនាំនិងបញ្ជា ដូចជាជីកប្រឡាយ ជីកព្រែក ស្ដារប្រព័ន្ធភ្លឺស្រែ ជីកទំពាំង និងរកត្រី ដែលមានប្រធានក្រុមម្នាក់ដឹកនាំ ហើយប្រសិនមិនធ្វើតាមការចាត់តាំង នឹងត្រូវទទួលរងទារុណកម្ម។ សារ៉ែន បានបញ្ជាក់ថានៅក្នុងរបបខ្មែរក្រហម ស្រូវអង្ករដែលប្រមូលបានទិន្នផលទាំងអស់ត្រូវយកទៅដាក់ក្នុងជង្រុករួមរបស់អង្គការ។ ក្រៅពីនោះ មាន់ទាដែលចិញ្ចឹមខ្លួនឯងមិនមាននរណាហ៊ានចាប់ធ្វើម្ហូបឡើយ ពីព្រោះរបស់ទាំងអស់នោះត្រូវដាក់បញ្ចូលក្នុងសមូហភាព។ សារ៉ែន បានបន្តថា នៅក្នុងរបបនោះការរស់នៅឬការនិយាយស្ដីត្រូវមានការប្រុងប្រយ័ត្នជានិច្ច ពីព្រោះខ្លាចអង្គការចាប់ទៅអប់រំ និងកសាង។
ការហូបចុកជំនាន់នោះគឺហូបតែបបរ និងសម្លមានតែទឹកគ្មានសាច់ ពេលមានសាច់ហូបម្ដងម្កាលពេលអង្គការកាប់ក្របី ឬគោ។ ចំពោះការព្យាបាលជំងឺគឺគ្មានថ្នាំពេទ្យទេ គឺមានតែថ្នាំដែលផលិតខ្លួនឯង ដោយយកគ្រាប់ស្ដៅមកកិនធ្វើជាម្សៅ។ នៅក្នុងរបបខ្មែរក្រហម មានពេទ្យរបស់អង្គការដែលចាំព្យាបាលជំងឺរបស់ប្រជាជន បន្ទាប់ពីលេបថ្នាំរួចត្រូវទៅធ្វើការធម្មតា មានតែអ្នកជំងឺធ្ងន់ធ្ងរប៉ុណ្ណោះទើបអាចឈប់សម្រាកបាន។ សារ៉ែន បាននិយាយថា នៅក្នុងគ្រួសារគាត់ជាកូនច្បង ដូច្នេះពេលហូបបាយគឺគាត់តែងតែកាន់ដៃនាំប្អូនៗទៅហូបបាយជាមួយជានិច្ច។ នៅក្នុងរបបនោះ ជួនកាល សារ៉ែន បានលួចបាយដាក់ក្នុងត្រឡោក និងលួចក្ដាមប្រៃទុកហូបពេលយប់ក្រែងឃ្លាន។ គាត់បានបន្តថា នៅពេលនោះប្រសិនជាអង្គការដឹង ច្បាស់ជានឹងយកទៅកសាង អប់រំ ឬសម្លាប់ចោលជាមិនខាន។
សារ៉ែន បានបាត់បង់ប្អូនចំនួនពីរនាក់ ព្រោះក្រឡាប់រទេះគោស្លាប់ប្អូនស្រីម្នាក់ ហើយម្នាក់ទៀតពេលទៅយាមស្រូវហើយផ្ទុះគ្រាប់។ សារ៉ែន បានបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម ឈ្លបរបស់អង្គការបានចាប់រំលោភលើស្ត្រី។ នៅក្នុងរបបនោះ អង្គការបានធ្វើទារុណកម្ម និងសម្លាប់ក្មេងតូចៗបោះទៅលើរួចយកកាំបិតចុងកាំភ្លើងចាក់យ៉ាងសាហាវ នៅតំបន់ទួលជ័យ។ សារ៉ែន បានឃើញខ្មែរក្រហមបំផ្លាញសម្បត្តិវប្បធម៌ យកមនុស្សជាច្រើនមកអូសទាញរូបសំណាកព្រះទម្លាក់ចេញពីវិហារ វាយទម្លាក់ព្រះកេស បំផ្លាញវត្តអារាមមិនឱ្យមានលោកសង្ឃគង់នៅ។ សព្វថ្ងៃនេះ សារ៉ែន មានជំងឺប្រចាំកាយដូចជាលើសជាតិស្ករ ឡើងជាតិខ្លាញ់តិចតួច និងលើសឈាម ដែលតែងតែធ្វើទុក្ខជារៀងរាល់ថ្ងៃ។
សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







